សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអនុញ្ញាតជូន ឯកឧត្តម DHERAR NASER AL-TUWAIJRI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋគុយវ៉ែត និងជាព្រឹទ្ធទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា


11813393_971803356195117_3621792126499754009_n

សម្ដេចភក្ដី ប្រធានព្រឹទ្ធសភា បានសម្ដែងនូវការស្វាគមន៍ជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនគុយវ៉ែត ដែលកន្លងមកតែងតែគាំទ្រ និងផ្ដល់នូវជំនួយអភិវឌ្ឍ ជំនួយមនុស្សធម៌ ជាច្រើនជួយដល់ប្រជាជនកម្ពុជា ជាពិសេស បានគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍ និងការបង្រួបបង្រួមជាតិរបស់កម្ពុជា ។សម្ដេចប្រធានក៏បានលើកសំណូមពរចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ដូចជារដ្ឋាភិបាលគុយវ៉ែត សុំបន្តជួយជម្រុញការវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា និងសុំបន្តផ្ដល់នូវជំនួយអភិវឌ្ឍ ជំនួយមនុស្សធម៌ដល់កម្ពុជាបន្តទៀត ជាពិសេសជម្រុញការអនុវត្តន៍អនុស្សារណៈប្រទេសទាំងពីរកន្លងមក ។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចប្រធាន និងបានប្រគល់ជូនសម្ដេចនូវសាលិខិតរបស់ប្រធានរដ្ឋសភា នៃរដ្ឋគុយវ៉ែត ផ្ញើអបអរសាទរជូនសម្ដេចភក្ដី ក្នុងឱកាសដែលសម្ដេចបានត្រូវជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៣ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូន ពីលទ្ធផលនៃចំណងទំនាក់ទំនងទ្វេរភាគីរវាងគុយវ៉ែត និងកម្ពុជា និងបានបញ្ជាក់អំពីគោលជំហររបស់រដ្ឋគុយវ៉ែត និងរបស់ឯកឧត្តមផ្ទាល់ ដែលតែងតែគាំទ្រ និងបន្តគាំទ្រតទៅទៀតចំពោះគោលនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តជំរុញការវិនិយោគលើវិស័យពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និងការបន្តផ្ដល់ជំនួយអភិវឌ្ឍ ជំនួយមនុស្សធម៌ ដល់ប្រជាជនកម្ពុជាបន្តទៀត ៕