ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ


12345678

ខេត្តក្រចេះ ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី០៦ ខែតុលាឆ្នាំ ២០១៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត សាលាខេត្តក្រចេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ ឯកឧត្តម
នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងមានចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀត ។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ស្នើឲ្យ ប្រធានមន្ទីរដែលបានតែងតាំងថ្មី ត្រូវពង្រឹកអនុវត្តការងារឲ្យបានហ្មត់ចត់ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅបំរើផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងសង្គម ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ ដោយទទួលបាននូវសេចក្តីទុកចិត្តពីអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងនោះ លោកប្រធានមន្ទីរត្រូវយកចិត្តទុកដាក់ គ្រប់គ្រងបែងចែកការងារទៅតាមលំដាប់ថ្នាក់ សាមគ្គីឯកភាពផ្ទៃក្នុងជាមួយនឹងមន្ត្រីក្រោមឱវាទ និងសហការជាមួយ មន្ទីរ អង្គភាព ស្ថាបន័ពាក់ពន្ធ័ ឲ្យបានស្អិតរមួត ដើម្បីធ្វើយ៉ាងណា ឲ្យស្ថានភាព អនាម័យ បរិស្ថាន ឲ្យប្រសើរឡើងជាងអ្វីដែលយើងឃើញសព្វថ្ងៃនេះ ។ ជាមួយនេះត្រូវពង្រឹងការគ្រប់គ្រងតំបន់ជីវចំរុះ តំបន់ដែនជំរកសត្វព្រៃ បញ្ហាជំលោះដីធ្លី បញ្ហាដីសម្បទានសង្គមកិច្ច និង ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម។
ដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះទើប ទទួលតំណែងថ្មី បានប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល និងខិតខំយកចិត្តទុកដាក់ការងារធ្វើជាគំរូ និងពង្រឹងចំណងសាមគ្គីភាព រវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការដើម្បីប្រែក្លាយជាកម្លាំងចលករបំពេញការងារដោយចិត្តមោះមុត មានភក្តីភាពចំពោះរាជរដ្ឋាភិបាល ហើយសម្រេចឲ្យបាននូវរាល់ផែនការសកម្មភាពការងារ ដែលថ្នាក់ដឹកនាំក្រសួង និងខេត្តប្រគល់ជូន ។