ខេត្តក្រចេះ ៖ កាលពីនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅសាលមហោស្រពខេត្ត បានរៀបចំពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក ហឿ ស៊ីយ៉ែម អភិបាលខេត្តស្តីទី មន្រ្តីរាជការជាថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំក្រុង. ស្រុក ប្រធានមន្ទីរ.អង្គភាពជុំវិញខេត្ត និងជាពិសេសមានការចូលរួមពីយោធិនពិការ សោវត្តន៍ជន ដែលជាសមាជិកសមាគមផងដែរ។នៅក្នុងពិធីដ៏វិសេសវិសាលនេះ មានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន ចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល ។
ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បាន មានប្រសាសន៍យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ក្រុមគ្រួសារយោធិន ពលី មរណៈ ពិការ និងសោវត្តន៍ជន ដោយ ផ្គត់ផ្គង់ជីវភាព ក្នុងការរស់នៅរបស់បងប្អូន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។